5. ព្រះបាទម៉ាណាសេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។
6. ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណម ស្ដេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
7. ព្រះបាទម៉ាណាសេយករូបបដិមា ដែលស្ដេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ថ្វីដ្បិតតែព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា “យើងបានជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ។
8. ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មាន ព្រមទាំងធ្វើតាមច្បាប់ និងបទបញ្ជាដែលយើងបានបង្គាប់មកតាមរយៈម៉ូសេ នោះយើងមិនធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទឹកដី ដែលយើងបានចែកឲ្យដូនតារបស់គេឡើយ”។
9. ប៉ុន្តែ ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
11. ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។
12. នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្ដេច។
13. ស្ដេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូលអង្វរ ដោយប្រោសប្រទានឲ្យស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។