គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:14-19 Khmer Standard Version (KHSV)

14. បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

15. ស្ដេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។

16. ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព* និង​យញ្ញ‌បូជា​អរ​ព្រះ‌គុណ។ ស្ដេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. ប្រជា‌ជន​នៅ​តែ​ធ្វើ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​គេ​ឧទ្ទិស​យញ្ញ‌បូជា​នោះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។

18. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

19. រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33