គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:12-24 Khmer Standard Version (KHSV)

12. នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្ដេច​បាន​អង្វរ​ករ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច។

13. ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។

14. បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

15. ស្ដេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។

16. ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព* និង​យញ្ញ‌បូជា​អរ​ព្រះ‌គុណ។ ស្ដេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. ប្រជា‌ជន​នៅ​តែ​ធ្វើ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​គេ​ឧទ្ទិស​យញ្ញ‌បូជា​នោះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។

18. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

19. រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។

20. កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

21. កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ពីរ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

22. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា។ ស្ដេច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​បដិមា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សូន​ធ្វើ ព្រម​ទាំង​គោរព​បម្រើ​រូប​ទាំង​នោះ​ទៀត​ផង។

23. ស្ដេច​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សារ‌ភាព​នោះ​ឡើយ គឺ​ព្រះ‌បាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។

24. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ‌វាំង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33