12. នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្ដេច។
13. ស្ដេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូលអង្វរ ដោយប្រោសប្រទានឲ្យស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
14. បន្ទាប់មក ស្ដេចបានសង់កំពែងពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
15. ស្ដេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។
16. ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។