គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:1-15 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​ម៉ាណា‌សេ​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

2. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។

3. ស្ដេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះ‌បាទ​ហេ‌សេគា ជា​បិតា បាន​កម្ទេច​ចោល។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ព្រះ‌អាសេ‌រ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

4. ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង រហូត​ត​ទៅ”។

5. ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ​សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

6. ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

7. ព្រះ‌បាទ​ម៉ាណា‌សេ​យក​រូប​បដិមា ដែល​ស្ដេច​បាន​ឲ្យ​គេ​ឆ្លាក់ ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន​ជា​បុត្រ​ថា “យើង​បាន​ជ្រើស​រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង រហូត​ត​ទៅ។

8. ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ច្បាប់ និង​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម​រយៈ​ម៉ូសេ នោះ​យើង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​ឲ្យ​ដូនតា​របស់​គេ​ឡើយ”។

9. ប៉ុន្តែ ព្រះ‌បាទ​ម៉ាណា‌សេ​បាន​នាំ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​វង្វេង រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។

11. ពេល​នោះ ព្រះ‌អម្ចាស់​នាំ​កង‌ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ព្រះ‌បាទ​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។

12. នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្ដេច​បាន​អង្វរ​ករ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច។

13. ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។

14. បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

15. ស្ដេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33