គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32:18-28 Khmer Standard Version (KHSV)

18. រាជ​បម្រើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។

19. ពួក​គេ​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ‌សឹង​ជា​ស្នា‌ដៃ​របស់​មនុស្ស។

20. ព្រះ‌បាទ​ហេ‌សេគា និង​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដើម្បី​សូម​ព្រះ‌អង្គ​ជួយ។

21. ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ទេវតា​មួយ​រូប ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អាម៉ាស់​មុខ។ ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្ដេច ហើយ​ពេល​នោះ បុត្រ​បង្កើត​របស់​ស្ដេច​នាំ​គ្នា​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ។

22. ព្រះ‌អម្ចាស់​បាន​រំដោះ​ព្រះ‌បាទ​ហេ‌សេគា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​គ្រប់​ទិស‌ទី។

23. មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្ដេច​គ្រប់ៗ​គ្នា។

24. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ស្ដេច​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អម្ចាស់​តប​មក​វិញ ដោយ​ប្រទាន​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ។

25. ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេគា​ពុំ​បាន​ដឹង​គុណ​ព្រះ‌ជាម្ចាស់ ដែល​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្ដេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

26. ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​ដឹង​ខ្លួន​ខុស ស្ដេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​នៅ​មាន​ព្រះ‌ជន្ម​ឡើយ។

27. ព្រះ‌បាទ​ហេ‌សេគា​ទទួល​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​សង់​ឃ្លាំង​សម្រាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

28. ស្ដេច​ក៏​សង់​ឃ្លាំង​សម្រាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល​សម្រាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 32