គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32:1-8 Khmer Standard Version (KHSV)

1. ក្រោយ​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​លុក‌លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សម្រុក​ក្រុង​ទាំង​នោះ​ទៀត​ផង។

2. កាល​ព្រះ‌បាទ​ហេ‌សេគា ឃើញ​ព្រះចៅ​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម

3. ស្ដេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្ដេច ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទីក្រុង។ ពួក​គេ​គាំ‌ទ្រ​ស្ដេច

4. ហើយ​ប្រមូល​ប្រជា‌ជន​ជា​ច្រើន​មក​ជួប‌ជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ីរី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំ‌ខាន»។

5. ព្រះ‌បាទ​ហេ‌សេគា​ពង្រឹង​ទីក្រុង ដោយ​ជួស‌ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្ដេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស‌ជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។

6. ស្ដេច​ចាត់​តាំង​មេ‌ទ័ព​ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជា‌ជន ហើយ​ស្ដេច​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង រួច​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖

7. «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។

8. ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 32