គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32:1-18 Khmer Standard Version (KHSV)

1. ក្រោយ​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​លុក‌លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សម្រុក​ក្រុង​ទាំង​នោះ​ទៀត​ផង។

2. កាល​ព្រះ‌បាទ​ហេ‌សេគា ឃើញ​ព្រះចៅ​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម

3. ស្ដេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្ដេច ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទីក្រុង។ ពួក​គេ​គាំ‌ទ្រ​ស្ដេច

4. ហើយ​ប្រមូល​ប្រជា‌ជន​ជា​ច្រើន​មក​ជួប‌ជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ីរី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំ‌ខាន»។

5. ព្រះ‌បាទ​ហេ‌សេគា​ពង្រឹង​ទីក្រុង ដោយ​ជួស‌ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្ដេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស‌ជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។

6. ស្ដេច​ចាត់​តាំង​មេ‌ទ័ព​ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជា‌ជន ហើយ​ស្ដេច​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង រួច​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖

7. «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។

8. ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

9. បន្ទាប់​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ស្ដេច​ស្រុក​អាស្ស៊ីរី ចាត់​រាជ​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្ដេច​គង់​នៅ​ក្បែរ​ក្រុង​ឡាគីស​ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្ដេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖

10. «ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

11. ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្ដេច​ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន”។

12. ស្ដេច​ហេសេ‌គា​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ រួច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះ!

13. អ្នក​រាល់​គ្នា​ដឹង​ទេ ឬ​ថា តើ​យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ?

14. ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!

15. ដូច្នេះ មិន​ត្រូវ​ឲ្យ​ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សម្ដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​ទាំង‌ឡាយ​របស់​អ្នក​រាល់​គ្នា ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។

16. រាជ​បម្រើ​របស់​ព្រះចៅ​សាន‌ហេ‌រីប​ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជា‌អម្ចាស់ និង​ប្រមាថ​ព្រះ‌បាទ​ហេ‌សេគា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បន្ត​ទៅ​ទៀត។

17. ស្ដេច​ស្រុក​អាស្ស៊ីរី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ក្នុង​លិខិត​នោះ ស្ដេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​របស់​ស្ដេច​ហេសេ‌គា​ក៏​ពុំ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។

18. រាជ​បម្រើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 32