គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 31:4-19 Khmer Standard Version (KHSV)

4. ព្រះ‌រាជា​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។

5. ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​បញ្ជា​របស់​ស្ដេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ថ្វាយ​យ៉ាង​បរិបូណ៌​ដែរ។

6. កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។

7. គេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។

8. ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

9. ព្រះ‌បាទ​ហេ‌សេគា​សាក​សួរ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ស្ដី​អំពី​គំនរ​តង្វាយ​ទាំង​នោះ។

10. លោក​មហា‌បូជា‌ចារ្យ​អសា‌រា​ពី​អំបូរ​សាដុក ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។

11. ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​រៀបចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​រៀបចំ​រួច​ស្រេច​ហើយ

12. គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

13. ព្រះ‌បាទ​ហេ‌សេគា និង​លោក​មហា‌បូជា‌ចារ្យ​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេសា‌អែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។

14. លោក​កូរេ ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈ​ឯ​ទៀតៗ​ដែរ។

15. លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌យ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា។

16. ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។

17. គេ​ជំរឿន​បូជា‌ចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។

18. អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

19. ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 31