គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 31:12-17 Khmer Standard Version (KHSV)

12. គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

13. ព្រះ‌បាទ​ហេ‌សេគា និង​លោក​មហា‌បូជា‌ចារ្យ​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេសា‌អែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។

14. លោក​កូរេ ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈ​ឯ​ទៀតៗ​ដែរ។

15. លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌យ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា។

16. ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។

17. គេ​ជំរឿន​បូជា‌ចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 31