គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 31:1-5 Khmer Standard Version (KHSV)

1. លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កម្ទេច​ស្តូប រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំង‌ឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណា‌សេ។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។

2. ព្រះ‌បាទ​ហេ‌សេគា​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ អ្នក​ចម្រៀង​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​អ្នក​យាម​ទ្វារ​ពន្លា​របស់​ព្រះ‌អម្ចាស់។

3. ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ* នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។

4. ព្រះ‌រាជា​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។

5. ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​បញ្ជា​របស់​ស្ដេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ថ្វាយ​យ៉ាង​បរិបូណ៌​ដែរ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 31