គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 30:8-19 Khmer Standard Version (KHSV)

8. ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹង‌រូស​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​លែង​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។

9. ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ បង‌ប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តែងតែ​ប្រណី​សន្ដោស ទ្រង់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ​នោះ ព្រះ‌អង្គ​នឹង​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។

10. ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ក្នុង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណា‌សេ រហូត​ដល់​ទឹក​ដី​សាប់យូ‌ឡូន តែ​ប្រជា‌ជន​សើច​ចំអក និង​ប្រមាថ​មើល‌ងាយ​ពួក​គេ។

11. ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ម៉ាណា‌សេ និង​សាប់យូ‌ឡូន​ទទួល​ស្គាល់​កំហុស ហើយ​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។

12. នៅ​ស្រុក​យូដា ព្រះ‌ជាម្ចាស់​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្ដេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ប្រជា‌ជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* នៅ​ខែ​ទី​ពីរ។ ពេល​នោះ អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។

14. ពួក​គេ​ផ្ដើម​ពិធី​បុណ្យ ដោយ​នាំ​គ្នា​រំលំ​អាសនៈ​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​រំលំ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ទាំង​ប៉ុន្មាន រួច​យក​ទៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។

15. បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា សម្រាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នឹក​ខ្មាស​ខ្លួន ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

16. ពួក​គេ​បំពេញ​មុខ‌ងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ ក្រុម​បូជា‌ចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។

17. នៅ​ក្នុង​អង្គ​ប្រជុំ ដោយ​មាន​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ​នៅ​ឡើយ ក្រុម​លេវី​ក៏​សម្លាប់​សត្វ​សម្រាប់​ពិធី​បុណ្យ​ចម្លង ជំនួស​អស់​អ្នក​ដែល​មិន​បរិសុទ្ធ ដើម្បី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់

18. ដ្បិត​ប្រជា‌ជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និង​សាប់យូ‌ឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ឲ្យ​ពួក​គេ​ថា៖

19. «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អង្គ​នៅ​ឡើយ​ក៏​ដោយ»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 30