គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 30:1-8 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ហេ‌សេគា​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា ទ្រង់​ក៏​សរសេរ​រាជ‌សារ​ផ្ញើ​ទៅ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណា‌សេ អញ្ជើញ​ពួក​គេ​មក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

2. ព្រះ‌រាជា និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ខែ​ទី​ពីរ។

3. គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជា‌ជន​ក៏​ពុំ​ទាន់​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ​ដែរ។

4. ព្រះ‌រាជា និង​អង្គ​ប្រជុំ​ទាំង​មូល បាន​ចុះ​សំរុង​គ្នា​បែប​នេះ

5. ហើយ​សម្រេច​ចេញ​សេចក្ដី​ប្រកាស​មួយ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​ពី​បៀរ‌សេបា​រហូត​ដល់​ក្រុង​ដាន់ ដើម្បី​អញ្ជើញ​ប្រជា‌ជន​មក​ក្រុង​យេរូ‌សាឡឹម ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

6. ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា​ទាំង​មូល នាំ​សេចក្ដី​ប្រកាស​ដែល​ឡាយ​ព្រះ‌ហស្ដ​ដោយ​ព្រះ‌រាជា និង​ចុះ​ហត្ថ‌លេខា​ដោយ​ពួក​មន្ត្រី។ ពួក​គេ​ប្រកាស​តាម​បញ្ជា​របស់​ស្ដេច​ដូច​ត​ទៅ៖ «កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ហើយ​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ព្រះ‌អង្គ​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។

7. មិន​ត្រូវ​ធ្វើ​ដូច​ដូនតា ឬ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​នោះ​ឡើយ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​អន្តរាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។

8. ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹង‌រូស​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​លែង​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 30