7. ពួកលោកបានបិទទ្វារព្រះវិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជនជាតិអ៊ីស្រាអែល នៅក្នុងទីសក្ការៈនេះ។
8. ហេតុនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រះអង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។
9. ព្រោះតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។
10. ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។
11. ឥឡូវនេះ សូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតព្រះអម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីបំពេញមុខងារបម្រើព្រះអង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។