គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:5-17 Khmer Standard Version (KHSV)

5. រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។

6. ដូនតា​របស់​ពួក​យើង​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ពួក​លោក​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ ពួក​លោក​ងាក​មុខ​ចេញ​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បែរ​ខ្នង​ដាក់​ទៀត​ផង។

7. ពួក​លោក​បាន​បិទ​ទ្វារ​ព្រះ‌វិហារ និង​ពន្លត់​ចង្កៀង ហើយ​លែង​ថ្វាយ​គ្រឿង​ក្រអូប ឬ​តង្វាយ​ដុត*​ទាំង​មូល ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ទី‌សក្ការៈ​នេះ។

8. ហេតុ​នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។

9. ព្រោះ​តែ​កំហុស​នោះ ដូនតា​របស់​ពួក​យើង​បាន​ដួល​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស កូន​ស្រី និង​ភរិយា​របស់​ពួក​យើង ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ។

10. ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​សូម​ព្រះ‌អង្គ​ពង្វាង​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​យើង។

11. ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។

12. ពេល​នោះ កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​កេហាត់ មាន​លោក​ម៉ា‌ហាត់ ជា​កូន​របស់​អម៉ា‌សាយ លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​អសា‌រា។ ក្នុង​អំបូរ​ម៉្រារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់‌ឌី លោក​អសា‌រា ជា​កូន​របស់​លោក​យេហា‌លែល។ ក្នុង​អំបូរ​គើរ‌សុន​មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីម៉្មា​មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។

13. ក្នុង​អំបូរ​អេលី‌សាផាន​មាន​លោក​ស៊ីមរី និង​លោក​យី‌អែល។ ក្នុង​អំបូរ​អេ‌សាភ​មាន​លោក​សាកា‌រី និង​លោក​ម៉ាថា‌នា។

14. ក្នុង​អំបូរ​ហេ‌ម៉ាន​មាន​លោក​យី‌អែល និង​លោក​ស៊ី‌ម៉ៃ។ ក្នុង​អំបូរ​យេឌូ‌ថិន​មាន​លោក​សេម៉ាយ៉ា និង​លោក​អ៊ូ‌ស៊ាល។

15. អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​បង‌ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្ដេច និង​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16. ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​ចូល​ទៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បាន​បរិសុទ្ធ។ ពួក​គេ​យក​អ្វីៗ​មិន​បរិសុទ្ធ​ដែល​គេ​រក​ឃើញ នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចេញ​មក​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្រុម​លេវី​យក​ចេញ​ទៅ​ក្រៅ បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។

17. ពួក​គេ​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​ឲ្យ​បាន​វិសុទ្ធ*​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​វិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29