គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:30-36 Khmer Standard Version (KHSV)

30. បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ តាម​ទំនុក​ដែល​ព្រះ‌បាទ​ដាវីឌ និង​លោក​អេ‌សាភ ជា​គ្រូ​ទាយ បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ។

31. ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​ចូល​មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដែរ។

32. ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិត‌សិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

33. គេ​ក៏​បាន​យក​គោ​ប្រាំ​មួយ​រយ​ក្បាល និង​ចៀម​បី​ពាន់​ក្បាល​ទៀត មក​ថ្វាយ​ជា​យញ្ញ‌បូជា​ផ្សេងៗ​ដែរ។

34. ដោយ​បូជា‌ចារ្យ​មាន​គ្នា​តិច​ពេក​មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​បាន ក្រុម​លេវី​ដែល​ជា​បង‌ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​ឲ្យ​ក្រុម​បូជា‌ចារ្យ​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះ‌ខ្នែង ក្នុង​ការ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ​ជាង​ក្រុម​បូជា‌ចារ្យ។

35. មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​តង្វាយ​ដុត​ទាំង​មូល​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ថ្វាយ​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នៅ​លើ​អាសនៈ​ដែរ។ដូច្នេះ គេ​បាន​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ឡើង​វិញ។

36. ព្រះ‌បាទ​ហេ‌សេគា និង​ប្រជា‌ជន​ទាំង​មូល សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​ព្រះ‌ជាម្ចាស់​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29