គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:15-32 Khmer Standard Version (KHSV)

15. អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​បង‌ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្ដេច និង​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16. ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​ចូល​ទៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បាន​បរិសុទ្ធ។ ពួក​គេ​យក​អ្វីៗ​មិន​បរិសុទ្ធ​ដែល​គេ​រក​ឃើញ នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចេញ​មក​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្រុម​លេវី​យក​ចេញ​ទៅ​ក្រៅ បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។

17. ពួក​គេ​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​ឲ្យ​បាន​វិសុទ្ធ*​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​វិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។

18. បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​ទូល​ថា៖ «យើង​ខ្ញុំ​ព្រះ‌ករុណា​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ទាំង​មូល​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។

19. រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស‌ជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់»។

20. ព្រះ‌បាទ​ហេ‌សេគា​តើន​ពី​ព្រលឹម ហើយ​ប្រមូល​មេ​ដឹក​នាំ​នៅ​ក្នុង​ទីក្រុង​ឲ្យ​មក​ជួប‌ជុំ​គ្នា រួច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

21. គេ​នាំ​គោ​បា​ប្រាំ‌ពីរ ចៀម​ឈ្មោល​ប្រាំ‌ពីរ កូន​ចៀម​ប្រាំ‌ពីរ និង​ពពែ​ឈ្មោល​ប្រាំ‌ពីរ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​សម្រាប់​ព្រះ‌រាជ‌វង្ស ទី‌សក្ការៈ និង​ប្រជា‌ជន​ស្រុក​យូដា។ ព្រះ‌រាជា​បង្គាប់​ក្រុម​បូជា‌ចារ្យ* ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ឲ្យ​យក​សត្វ​ទាំង​នោះ​ធ្វើ​យញ្ញ‌បូជា នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់។

22. បូជា‌ចារ្យ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។

23. បន្ទាប់​មក​ទៀត គេ​នាំ​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​នៅ​មុខ​ស្ដេច និង​នៅ​មុខ​អង្គ​ប្រជុំ។ ស្ដេច ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ក៏​ដាក់​ដៃ​លើ​ពពែ​ឈ្មោល​ទាំង​នោះ។

24. ក្រុម​បូជា‌ចារ្យ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ថ្វាយ​ឈាម​នៅ​លើ​អាសនៈ ទូល​សូម​ព្រះ‌ជាម្ចាស់​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដ្បិត​ព្រះ‌រាជា​បាន​ប្រកាស​ថា តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​រំដោះ​បាប​នេះ ត្រូវ​ថ្វាយ​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។

25. ព្រះ‌រាជា​ចាត់​ក្រុម​លេវី​ឲ្យ​ឈរ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ និង​លោក​កាដ ជា​គ្រូ​ទាយ​របស់​ស្ដេច ព្រម​ទាំង​ព្យាការី​ណាថាន ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ តាម​រយៈ​ព្យាការី​របស់​ព្រះ‌អង្គ។

26. ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ក្រុម​បូជា‌ចារ្យ​កាន់​ត្រែ។

27. ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គេ​ក៏​ចាប់​ផ្ដើម​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ប្រគំ​កំដរ​ផង។

28. អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ រីឯ​អ្នក​ចម្រៀង​នាំ​គ្នា​ច្រៀង ជា​មួយ​សំឡេង​ត្រែ រហូត​ទាល់​តែ​គេ​ថ្វាយ​តង្វាយ​ដុត​ចប់​សព្វ​គ្រប់។

29. ពេល​ថ្វាយ​តង្វាយ​ដុត​រួច​រាល់​ហើយ ព្រះ‌រាជា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច នាំ​គ្នា​ក្រាប​ចុះ​ថ្វាយ‌បង្គំ។

30. បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ តាម​ទំនុក​ដែល​ព្រះ‌បាទ​ដាវីឌ និង​លោក​អេ‌សាភ ជា​គ្រូ​ទាយ បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ។

31. ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​ចូល​មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដែរ។

32. ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិត‌សិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29