គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 28:7-18 Khmer Standard Version (KHSV)

7. លោក​ស៊ីក‌គ្រី ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ ជា​អ្នក​គ្រប់‌គ្រង​ព្រះ‌រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

8. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​ជន‌ជាតិ​យូដា ជា​បង‌ប្អូន​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ារី។

9. មាន​ព្យាការី​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កង‌ទ័ព​អ៊ីស្រា‌អែល ដែល​វិល​មក​ក្រុង​សាម៉ារី​វិញ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ជន‌ជាតិ​យូដា ព្រះ‌អង្គ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។

10. ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​បំណង​យក​ប្រជា‌ជន​ប្រុស​ស្រី​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ធ្វើ​ជា​ទាសករ​ទៀត! ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?

11. ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។

12. ពេល​នោះ មាន​មេ​បញ្ជា‌ការ​កង‌ទ័ព​អេប្រាអ៊ីម​មួយ​ចំនួន គឺ​លោក​អសា‌រា​ជា​កូន​របស់​លោក​យ៉ូហាណាន លោក​បេរេ‌គា​ជា​កូន​របស់​លោក​មស៊ី‌លេម៉ុត លោក​យេហ៊ី‌សេគា​ជា​កូន​របស់​លោក​សាលូម និង​លោក​អម៉ា‌សា​ជា​កូន​របស់​លោក​ហាដ‌ឡៃ បាន​នាំ​គ្នា​ជំទាស់​នឹង​កង‌ទ័ព​ដែល​វិល​មក​ពី​ច្បាំង​វិញ។

13. លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ព្រះ‌អម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ!»។

14. ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយ‌ភ័ណ្ឌ​ដែរ។

15. គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀក‌បំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយ‌ភ័ណ្ឌ មក​ពាក់​ឲ្យ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួប‌ជុំ​បង‌ប្អូន​របស់​ខ្លួន នៅ​ក្រុង​យេរីខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

16. នៅ​គ្រា​នោះ ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​មក​ជួយ

17. ដ្បិត​កង‌ទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ។

18. មួយ​វិញ​ទៀត កង‌ទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេត‌សេ‌មែស អាយ៉ា‌ឡូន កេដេ‌រ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​គីម‌សូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រួច​ពួក​គេ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​ទាំង​នោះ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 28