គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 28:13-21 Khmer Standard Version (KHSV)

13. លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ព្រះ‌អម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ!»។

14. ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយ‌ភ័ណ្ឌ​ដែរ។

15. គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀក‌បំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយ‌ភ័ណ្ឌ មក​ពាក់​ឲ្យ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួប‌ជុំ​បង‌ប្អូន​របស់​ខ្លួន នៅ​ក្រុង​យេរីខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

16. នៅ​គ្រា​នោះ ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​មក​ជួយ

17. ដ្បិត​កង‌ទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ។

18. មួយ​វិញ​ទៀត កង‌ទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេត‌សេ‌មែស អាយ៉ា‌ឡូន កេដេ‌រ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​គីម‌សូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រួច​ពួក​គេ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​ទាំង​នោះ។

19. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ដែរ។

20. ព្រះ‌ចៅ​ទីកឡាត-‌ពេលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះ‌បាទ​អហាស និង​ចាត់​ទុក​ស្ដេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ‌ទ្រ​ស្ដេច​ឡើយ។

21. ព្រះ‌បាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 28