18. លោកទាំងនោះឈរនៅមុខស្ដេច ទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។
19. ព្រះបាទអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្ដេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
20. លោកមហាបូជាចារ្យអសារា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្ដេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្ដេចចេញមកក្រៅជាបន្ទាន់។ រីឯស្ដេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្ដេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្ដេច។
21. ព្រះបាទអូសៀសកើតឃ្លង់ រហូតដល់ថ្ងៃដែលទ្រង់អស់ព្រះជន្ម។ ដោយស្ដេចកើតឃ្លង់ដូច្នេះ ទ្រង់ត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
22. ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀស តាំងពីដើមដល់ចប់។
23. ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។