គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 26:11-20 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​អូសៀស​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេ‌យ៉ា ជា​មន្ត្រី​រដ្ឋ‌បាល បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្ដេច។

12. ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២​៦០០​រូប

13. និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។

14. ព្រះ‌បាទ​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ‌ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស ឲ្យ​ទាហាន​គ្រប់ៗ​រូប។

15. នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្ដេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​ស្ដេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្ដេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។

16. ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្ដេច​ក៏​មាន​អំនួត រហូត​ដល់​បណ្ដាល​ឲ្យ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ក្បត់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប។

17. លោក​បូជា‌ចារ្យ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្ដេច ដោយ​មាន​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

18. លោក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្ដេច ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អូសៀស ព្រះ‌រាជា​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​តែ​ក្រុម​បូជា‌ចារ្យ​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ព្រះ‌ករុណា​យាង​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ព្រះ‌ករុណា​ក្បត់​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ករុណា​នឹង​មិន​ទទួល​កិត្តិយស​អ្វី​ពី​ព្រះ‌ជា‌អម្ចាស់​ឡើយ»។

19. ព្រះ‌បាទ​អូសៀស​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្ដេច​ខ្ញាល់​ឡើង​ទាស់​នឹង​បូជា‌ចារ្យ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

20. លោក​មហា‌បូជា‌ចារ្យ​អសា‌រា និង​បូជា‌ចារ្យ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្ដេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​លោក​ក៏​នាំ​ស្ដេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្ដេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្ដេច​ជ្រាប​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ស្ដេច។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 26