គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:9-15 Khmer Standard Version (KHSV)

9. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​ឲ្យ​ទៅ​ទាហាន​អ៊ីស្រា‌អែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​អាច​ប្រទាន​ប្រាក់​មក​ព្រះ‌ករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។

10. ពេល​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន‌ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ក្ដៅ​ក្រហាយ។

11. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ​ម៉ឺន​នាក់។

12. ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។

13. រីឯ​ទាហាន​អ៊ីស្រា‌អែល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បណ្ដេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា​ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជា‌ជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។

14. ក្រោយ​ពេល​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន‌ជាតិ​អេដុម​មក​ជា​មួយ។ ស្ដេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន ដោយ​ក្រាប​ថ្វាយ‌បង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។

15. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ចាត់​ព្យាការី​ឲ្យ​ទៅ​គាល់​ស្ដេច ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25