គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:5-14 Khmer Standard Version (KHSV)

5. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជា‌ការ​កង‌ពល​ធំ និង​មេ​បញ្ជា‌ការ​កង‌ពល​តូច។ បន្ទាប់​មក ស្ដេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។

6. ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រា‌អែល។

7. មាន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ទាហាន​អ៊ីស្រា‌អែល​ចេញ​ទៅ​ជា​មួយ​ព្រះ‌ករុណា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មិន​គង់​ជា​មួយ​អ៊ីស្រា‌អែល គឺ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។

8. ប្រសិន​បើ​ព្រះ‌ករុណា​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះ‌ករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្ដី ក៏​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ព្រះ‌ករុណា​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជំនះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។

9. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​ឲ្យ​ទៅ​ទាហាន​អ៊ីស្រា‌អែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​អាច​ប្រទាន​ប្រាក់​មក​ព្រះ‌ករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។

10. ពេល​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន‌ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ក្ដៅ​ក្រហាយ។

11. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ​ម៉ឺន​នាក់។

12. ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។

13. រីឯ​ទាហាន​អ៊ីស្រា‌អែល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បណ្ដេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា​ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជា‌ជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។

14. ក្រោយ​ពេល​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន‌ជាតិ​អេដុម​មក​ជា​មួយ។ ស្ដេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន ដោយ​ក្រាប​ថ្វាយ‌បង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25