គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:19-25 Khmer Standard Version (KHSV)

19. ព្រះ‌ករុណា​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ ព្រះ‌រាជា​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះ‌ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។

20. ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្ដេច និង​កង‌ទ័ព ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន‌ជាតិ​អេដុម។

21. ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស ក្នុង​ស្រុក​យូដា។

22. កង‌ទ័ព​យូដា​វាយ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

23. ព្រះ‌បាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​បាន​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យ៉ូ‌អាហាស នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​នាំ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

24. ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​លោក​អូបេដ‌អេដុម ជា​អ្នក​មើល​ខុស​ត្រូវ ព្រម​ទាំង​វត្ថុ​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ហើយ​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

25. ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25