គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:15-19 Khmer Standard Version (KHSV)

15. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ចាត់​ព្យាការី​ឲ្យ​ទៅ​គាល់​ស្ដេច ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។

16. លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ‌ករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ»។

17. ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។

18. ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ​គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។

19. ព្រះ‌ករុណា​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ ព្រះ‌រាជា​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះ‌ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25