គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:14-28 Khmer Standard Version (KHSV)

14. ក្រោយ​ពេល​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន‌ជាតិ​អេដុម​មក​ជា​មួយ។ ស្ដេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន ដោយ​ក្រាប​ថ្វាយ‌បង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។

15. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ចាត់​ព្យាការី​ឲ្យ​ទៅ​គាល់​ស្ដេច ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។

16. លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ‌ករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ»។

17. ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។

18. ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ​គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។

19. ព្រះ‌ករុណា​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ ព្រះ‌រាជា​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះ‌ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។

20. ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្ដេច និង​កង‌ទ័ព ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន‌ជាតិ​អេដុម។

21. ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស ក្នុង​ស្រុក​យូដា។

22. កង‌ទ័ព​យូដា​វាយ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

23. ព្រះ‌បាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​បាន​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យ៉ូ‌អាហាស នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​នាំ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

24. ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​លោក​អូបេដ‌អេដុម ជា​អ្នក​មើល​ខុស​ត្រូវ ព្រម​ទាំង​វត្ថុ​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ហើយ​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

25. ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។

26. រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

27. ក្រោយ​ពេល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ឡាគីស តែ​គេ​បាន​ដេញ​តាម​ព្រះ‌រាជា​រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។

28. គេ​ដឹក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្រុក​យូដា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25