គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 24:20-27 Khmer Standard Version (KHSV)

20. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជា‌ជន ហើយ​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។

21. ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។

22. ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រី បាន​សម្តែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាកា‌រី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។

23. មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភ័ណ្ឌ​ទាំង​អស់​ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។

24. កង‌ទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែ​ព្រះ‌អម្ចាស់​បាន​ប្រគល់​កង‌ទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន‌ជាតិ​យូដា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​ប្រើ​ជន‌ជាតិ​ស៊ីរី សម្រាប់​ដាក់​ទោស​ព្រះ‌បាទ​យ៉ូអាស។

25. បន្ទាប់​មក កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ព្រះ‌បាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច ដើម្បី​សង‌សឹក​ចំពោះ​ឃាត‌កម្ម​ទៅ​លើ​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ គេ​ធ្វើ​គុត​ស្ដេច​នៅ​ក្នុង​ក្រឡា‌បន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ។

26. អ្នក​ដែល​បាន​ឃុប​ឃិត​គ្នា​ធ្វើ​គុត​ស្ដេច គឺ​លោក​សាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​អាំម៉ូន ឈ្មោះ​ស៊ីម៉ាត និង​លោក​យ៉ូសា‌បាដ ជា​កូន​របស់​ស្ត្រី​សាសន៍​ម៉ូអាប់ ឈ្មោះ​ស៊ីមរីត។

27. រីឯ​ចំនួន​បុត្រ​របស់​ស្ដេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាកា‌រី​ថ្លែង​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​កំណត់​ហេតុ​ស្ដី​អំពី​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ព្រះ‌មហា‌ក្សត្រ។ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 24