គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 24:12-25 Khmer Standard Version (KHSV)

12. ព្រះ‌រាជា និង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ដែរ។

13. មេ​ជាង​ទាំង​នោះ​នាំ​គ្នា​បំពេញ​កិច្ចការ ដោយ​ដឹក​នាំ​ការ​ជួល​ជុល​ទាំង​អស់ ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​បាន​ល្អ និង​មាំ ដូច​ដើម​ឡើង​វិញ។

14. ក្រោយ​ជួស‌ជុល​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ថ្វាយ​ព្រះ‌រាជា និង​ប្រគល់​ជូន​លោក​យេហូ‌យ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​គ្រឿង​បរិក្ខារ​សម្រាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សម្រាប់​តង្វាយ​ដុត​ទាំង​មូល ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូ‌យ៉ាដា គេ​តែងតែ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

15. លោក​យេហូ‌យ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​លោក​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ។

16. គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​មួយ​ស្ដេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ចំពោះ​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

17. ក្រោយ​ពេល​លោក​យេហូ‌យ៉ាដា​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​គេ។

18. ពួក​គេ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។

19. ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​ព្យាកា‌រី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែ‌នាំ​ពួក​គេ ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ។ ព្យាកា‌រី​ប្រៀន‌ប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។

20. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជា‌ជន ហើយ​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។

21. ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។

22. ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រី បាន​សម្តែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាកា‌រី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។

23. មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភ័ណ្ឌ​ទាំង​អស់​ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។

24. កង‌ទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែ​ព្រះ‌អម្ចាស់​បាន​ប្រគល់​កង‌ទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន‌ជាតិ​យូដា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​ប្រើ​ជន‌ជាតិ​ស៊ីរី សម្រាប់​ដាក់​ទោស​ព្រះ‌បាទ​យ៉ូអាស។

25. បន្ទាប់​មក កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ព្រះ‌បាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច ដើម្បី​សង‌សឹក​ចំពោះ​ឃាត‌កម្ម​ទៅ​លើ​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ គេ​ធ្វើ​គុត​ស្ដេច​នៅ​ក្នុង​ក្រឡា‌បន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 24