គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 24:1-9 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ប្រាំ‌ពីរ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីប‌យ៉ា ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។

2. ព្រះ‌បាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។

3. លោក​យេហូ‌យ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

4. ក្រោយ​មក ព្រះ‌បាទ​យ៉ូអាស​មាន​បំណង​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

5. ស្ដេច​កោះ​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស‌រាន់​ទេ។

6. ព្រះ‌រាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម‌ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់ព្រះ‌អម្ចាស់ បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​សម្រាប់​ពន្លា​នៃ​សន្ធិ‌សញ្ញា?

7. ម្ចាស់​ក្សត្រីយ៍​អថា‌លា​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ព្រះ​បាល»។

8. ពេល​នោះ ព្រះ‌រាជា​ឲ្យ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

9. គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 24