គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:5-12 Khmer Standard Version (KHSV)

5. មួយ​ភាគ​បី​យាម​ក្នុង​ដំណាក់​ស្ដេច ហើយ​មួយ​ភាគ​បី​ទៀត យាម​នៅ​ត្រង់​មាត់​ទ្វារ​យេ‌សូដ។ រីឯ​ប្រជា‌ជន​ទាំង​មូល ស្ថិត​នៅ​ក្នុង​ទីធ្លា​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

6. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខ‌ងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់​ព្រះ‌អម្ចាស់។

7. ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ព្រះ‌មហា‌ក្សត្រ។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ព្រះ‌ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា‌ក្សត្រ​ជា‌និច្ច ទោះ​បី​ស្ដេច​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។

8. ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។

9. លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជូន​មេ​បញ្ជា‌ការ​ទាំង​នោះ។

10. លោក​ដាក់​ពល​ទាហាន​ទាំង​អស់ ដែល​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឲ្យ​ឈរ​យាម​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ព្រម​ទាំង​នៅ​ជិត​អាសនៈ និង​នៅ​ក្បែរ​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ‌មហា‌ក្សត្រ។

11. គេ​យាង​បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង លោក​យេហូ‌យ៉ាដា និង​កូនៗ​របស់​លោក ចាក់​ប្រេង​អភិ‌សេក​រាជ​កុមារ តែង‌តាំង​ជា​ស្ដេច ទាំង​ស្រែក​ថា៖ «ជយោ ព្រះ‌មហា‌ក្សត្រ!»។

12. កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ប្រជា‌ជន​ដែល​រត់​ទៅ​មក ស្រែក​អប‌អរ‌សាទរ​ព្រះ‌មហា‌ក្សត្រ ព្រះ‌នាង​យាង​ទៅ​មើល​ពួក​គេ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23