គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:17-21 Khmer Standard Version (KHSV)

17. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល នៅ​មុខ​អាសនៈ​ទៀត​ផង។

18. លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​ក្រុម​បូជា‌ចារ្យ​លេវី ទទួល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចែក​ជា​ក្រុម​ឲ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចម្រៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។

19. លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្ដី អាច​ចូល​បាន​ឡើយ។

20. បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។

21. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា ដោយ​មុខ​ដាវ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23