គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:10-21 Khmer Standard Version (KHSV)

10. លោក​ដាក់​ពល​ទាហាន​ទាំង​អស់ ដែល​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឲ្យ​ឈរ​យាម​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ព្រម​ទាំង​នៅ​ជិត​អាសនៈ និង​នៅ​ក្បែរ​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ‌មហា‌ក្សត្រ។

11. គេ​យាង​បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង លោក​យេហូ‌យ៉ាដា និង​កូនៗ​របស់​លោក ចាក់​ប្រេង​អភិ‌សេក​រាជ​កុមារ តែង‌តាំង​ជា​ស្ដេច ទាំង​ស្រែក​ថា៖ «ជយោ ព្រះ‌មហា‌ក្សត្រ!»។

12. កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ប្រជា‌ជន​ដែល​រត់​ទៅ​មក ស្រែក​អប‌អរ‌សាទរ​ព្រះ‌មហា‌ក្សត្រ ព្រះ‌នាង​យាង​ទៅ​មើល​ពួក​គេ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

13. ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចម្រៀង​នាំ​ប្រជា‌ជន​ច្រៀង​សរសើរ​តម្កើង ទាំង​ប្រគំ​តូរ្យ‌តន្ត្រី​ផង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។

14. លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ទៅ​ពួក​មេ​បញ្ជា‌ការ​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ!»។

15. គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។

16. លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជា‌ជន​ទាំង​មូល និង​ព្រះ‌មហា‌ក្សត្រ ដើម្បី​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។

17. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល នៅ​មុខ​អាសនៈ​ទៀត​ផង។

18. លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​ក្រុម​បូជា‌ចារ្យ​លេវី ទទួល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចែក​ជា​ក្រុម​ឲ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចម្រៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។

19. លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្ដី អាច​ចូល​បាន​ឡើយ។

20. បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។

21. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា ដោយ​មុខ​ដាវ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23