គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 2:1-11 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​បញ្ជា​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​មួយ ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ដំណាក់​មួយ សម្រាប់​ស្ដេច​ផ្ទាល់។

2. ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ប្រាំ‌ពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។

3. ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស​ថា៖ «ព្រះ‌ករុណា​បាន​ផ្ដល់​ឈើ​តាត្រៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ដើម្បី​សង់​ដំណាក់។

4. ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះ‌អង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

5. ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម លើស​ព្រះ​នានា។

6. ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ‌ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង។ ទូលបង្គំ​ក៏​ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន​ដែរ គឺ​ទូលបង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ថ្វាយ​គ្រឿង​សក្ការ‌បូជា​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

7. ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។

8. សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ

9. ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ទូលបង្គំ ដ្បិត​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹម‌ស្កៃ​ណាស់។

10. ទូលបង្គំ​នឹង​ផ្ដល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ដែល​កាប់​ឈើ​នេះ»។

11. ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ព្រះ‌បាទ​សាឡូម៉ូន​វិញ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ជា​ព្រះ‌អង្គ​តែង‌តាំង​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 2