គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 17:1-9 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​អេ‌សា ជា​បិតា ហើយ​ស្ដេច​ពង្រឹង​កម្លាំង តទល់​នឹង​ស្រុក​អ៊ីស្រា‌អែល។

2. ស្ដេច​បាន​ដាក់​ទ័ព​នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេប្រាអ៊ីម ជា​ក្រុង​ដែល​ព្រះ‌បាទ​អេ‌សា ជា​បិតា ដណ្ដើម​យក​បាន។

3. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូសា‌ផាត ដ្បិត​ស្ដេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ គឺ​ទ្រង់​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។

4. ស្ដេច​បាន​ស្វែង​រក​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺ​ទ្រង់​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រា‌អែល​ទេ។

5. ព្រះ‌អម្ចាស់​ពង្រឹង​រាជ​សម្បត្តិ​របស់​ស្ដេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ស្ដេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។

6. ស្ដេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។

7. នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-‌ហែល លោក​អូបា‌ឌា លោក​សាកា‌រី លោក​នេថា‌នេល និង​លោក​មីកា‌យ៉ា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។

8. ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-‌អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

9. ពួក​គេ​បង្រៀន​ប្រជា‌ជន​នៅ​ស្រុក​យូដា ដោយ​យក​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់​នៃ​ស្រុក​យូដា ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 17