គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 10:10-19 Khmer Standard Version (KHSV)

10. មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​របស់​បិតា​យើង​ទៅ​ទៀត។

11. បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។

12. លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។

13. ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

14. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។

15. ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា​នៅ​ស៊ីឡូ។

16. ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វីនឹង​ព្រះ‌បាទ​ដាវីឌ​ទៀត​ទេពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយកូន​របស់​លោក​អ៊ីសាយ​ដែរ!ប្រជា‌ជន​អ៊ីស្រា‌អែល​អើយចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។

17. ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។

18. ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ឡើង​រាជ‌រថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។

19. គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 10