គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 1:9-17 Khmer Standard Version (KHSV)

9. បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះ‌អង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះ‌អង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។

10. សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​របស់​ព្រះ‌អង្គ​បាន?»។

11. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ

12. យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។

13. ព្រះ‌បាទ​សាឡូម៉ូន​យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ពន្លា​ជួប​ព្រះ‌អម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។

14. ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។

15. ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។

16. ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

17. ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 1