2. ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។
3. ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។
4. រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។
5. អាសនៈលង្ហិនដែលលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។
6. ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
7. នៅយប់នោះ ព្រះអម្ចាស់ បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។
8. ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។
9. បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។
10. សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។