គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 1:1-9 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។

2. ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។

3. ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់ ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។

4. រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។

5. អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់។

6. ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះ‌អង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។

7. នៅ​យប់​នោះ ព្រះ‌អម្ចាស់ បាន​សម្តែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។

8. ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះ‌អង្គ​ក៏​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។

9. បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះ‌អង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះ‌អង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 1