គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 9:28-37 Khmer Standard Version (KHSV)

28. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូ‌សាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

29. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់។

30. បន្ទាប់​មក លោក​យេហ៊ូវ​ចូល​មក​ដល់​ក្រុង​យេសរាល។ កាល​ព្រះ‌នាង​យេសិ‌បិល​ដឹង​ដំណឹង​នេះ ព្រះ‌នាង​ផាត់​រង្វង់​ភ្នែក និង​តុប‌តែង​សក់ រួច​ទត​មើល​តាម​បង្អួច។

31. ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។

32. លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។

33. លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាក‌សព​នោះ។

34. បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។

35. ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។

36. ពួក​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​យេហ៊ូវ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី‌ថា ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិ‌បិល​ក្នុង​ចម្ការ​យេសរាល។

37. សាក‌សព​របស់​នាង​យេសិ‌បិល​នឹង​ក្លាយ​ជា​ជី ក្នុង​ចម្ការ​យេសរាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា នេះ​ជា​ផ្នូរ​របស់​យេសិ‌បិល​ទេ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 9