គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 9:21-36 Khmer Standard Version (KHSV)

21. ព្រះ‌បាទ​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​ឡើង​គង់​លើ​រាជ‌រថ​នោះ។ រីឯ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​ឡើង​គង់​លើ​រាជ‌រថ​របស់​ស្ដេច​ដែរ។ ព្រះ‌រាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

22. កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូវ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ ដរាប​ព្រះ‌ករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប‌ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​មាតា!»។

23. ព្រះ‌បាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជ‌ឱង្ការ​ប្រាប់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ថា៖ «ព្រះ‌ករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។

24. លោក​យេហ៊ូវ​យឹត​ធ្នូ​បាញ់​ចំ​ខ្នង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះ‌ដូង​របស់​ស្ដេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្ដេច​ដួល​ក្នុង​រាជ‌រថ។

25. លោក​យេហ៊ូវ​ប្រាប់​លោក​ប៊ីឌ‌ការ ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ​បោះ​ទៅ​ក្នុង​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្ដេច​អហាប់ ជា​បិតា​របស់​ស្ដេច​យ៉ូរ៉ាម ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា

26. “ម្សិល‌មិញ យើង​បាន​ឃើញ​ឈាម​របស់​ណា‌បោត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចម្ការ​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចម្ការ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

27. កាល​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ ជិត​ក្រុង​យីប‌ឡាម។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។

28. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូ‌សាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

29. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់។

30. បន្ទាប់​មក លោក​យេហ៊ូវ​ចូល​មក​ដល់​ក្រុង​យេសរាល។ កាល​ព្រះ‌នាង​យេសិ‌បិល​ដឹង​ដំណឹង​នេះ ព្រះ‌នាង​ផាត់​រង្វង់​ភ្នែក និង​តុប‌តែង​សក់ រួច​ទត​មើល​តាម​បង្អួច។

31. ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។

32. លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។

33. លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាក‌សព​នោះ។

34. បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។

35. ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។

36. ពួក​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​យេហ៊ូវ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី‌ថា ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិ‌បិល​ក្នុង​ចម្ការ​យេសរាល។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 9