គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 9:13-24 Khmer Standard Version (KHSV)

13. ពួក​មេ‌ទ័ព​ប្រញាប់‌ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូវ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះ‌បាទ​យេហ៊ូវ!»។

14. លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះ‌បាទ​យ៉ូរ៉ាម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល កំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ តទល់​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។

15. ប៉ុន្តែ ព្រះ‌បាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំ‌ទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យេសរាល​ឡើយ!»។

16. លោក​យេហ៊ូវ​ឡើង​ជិះ​រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យេសរាល។ ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​កំពុង​សម្រាក​ព្យាបាល​របួស ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ។

17. រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេសរាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។

18. អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូវ ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​គេ​នោះ បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។

19. ព្រះ‌បាទ​យ៉ូរ៉ាម​ចាត់​ពល​ទាហាន​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់ អ្នក​នោះ​ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។

20. អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ​មើល​ទៅ​ដូច​លោក​យេហ៊ូវ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។

21. ព្រះ‌បាទ​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​ឡើង​គង់​លើ​រាជ‌រថ​នោះ។ រីឯ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​ឡើង​គង់​លើ​រាជ‌រថ​របស់​ស្ដេច​ដែរ។ ព្រះ‌រាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

22. កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូវ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ ដរាប​ព្រះ‌ករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប‌ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​មាតា!»។

23. ព្រះ‌បាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជ‌ឱង្ការ​ប្រាប់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ថា៖ «ព្រះ‌ករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។

24. លោក​យេហ៊ូវ​យឹត​ធ្នូ​បាញ់​ចំ​ខ្នង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះ‌ដូង​របស់​ស្ដេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្ដេច​ដួល​ក្នុង​រាជ‌រថ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 9