គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 9:11-19 Khmer Standard Version (KHSV)

11. ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។

12. ពួក​មេ‌ទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​ឲ្យ​ត្រង់​មក!»។ លោក​ឆ្លើយ​ថា៖ «ព្យាការី​នោះ​ប្រាប់​ខ្ញុំ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល”»។

13. ពួក​មេ‌ទ័ព​ប្រញាប់‌ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូវ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះ‌បាទ​យេហ៊ូវ!»។

14. លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះ‌បាទ​យ៉ូរ៉ាម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល កំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ តទល់​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។

15. ប៉ុន្តែ ព្រះ‌បាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំ‌ទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យេសរាល​ឡើយ!»។

16. លោក​យេហ៊ូវ​ឡើង​ជិះ​រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យេសរាល។ ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​កំពុង​សម្រាក​ព្យាបាល​របួស ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ។

17. រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេសរាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។

18. អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូវ ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​គេ​នោះ បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។

19. ព្រះ‌បាទ​យ៉ូរ៉ាម​ចាត់​ពល​ទាហាន​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់ អ្នក​នោះ​ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 9