គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 9:1-11 Khmer Standard Version (KHSV)

1. ព្យាការី​អេលីសេ​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។

2. ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​ឲ្យ​ក្រោក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។

3. ចូរ​យក​ដប​ប្រេង​មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែ‌បង្អង់​ឡើយ»។

4. យុវ‌បុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

5. កាល​ទៅ​ដល់ គាត់​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេ‌ទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជម្រាប​លោក!»។ លោក​យេហ៊ូវ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជម្រាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។

6. លោក​យេហ៊ូវ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវ‌បុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

7. អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម​ឲ្យ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។

8. ពូជ‌ពង្ស​អហាប់​ទាំង​មូល​នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។

9. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​អហាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា។

10. ឆ្កែ​នឹង​ហែក​សាច់​យេសិ‌បិល​ស៊ី នៅ​ក្នុង​ចម្ការ​យេសិ‌បិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ‌បុរស​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។

11. ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 9