គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 8:8-23 Khmer Standard Version (KHSV)

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាសែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ទូល​សួរ​ព្រះ‌អម្ចាស់​តាម​រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។

9. លោក​ហាសែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។

10. លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​វិញ​ថា ស្ដេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌ករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។

11. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។

12. លោក​ហាសែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទីក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។

13. លោក​ហាសែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។

14. លោក​ហាសែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។

15. ស្អែក​ឡើង លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

16. នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

17. ក្នុង​ព្រះ‌ជន្មាយុ​សាម‌សិប​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។

18. ព្រះ‌បាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ព្រះ‌អង្គ​បាន​សន្យា​នឹង​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

20. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

21. ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

22. តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរ។

23. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 8