គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 8:2-11 Khmer Standard Version (KHSV)

2. ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

3. លុះ​គ្រប់​ប្រាំ‌ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​នាង​វិញ។

4. ពេល​នោះ ស្ដេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។

5. នៅ​ពេល​កេហា‌ស៊ី​រៀប​រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។

6. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ទូល​ស្ដេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្ដេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។

7. លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះ‌បាទ​បេនហា‌ដាដ​ជា​ស្ដេច​ស្រុក​ស៊ីរី កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្ដេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ អញ្ជើញ​មក​ដល់​ហើយ»។

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាសែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ទូល​សួរ​ព្រះ‌អម្ចាស់​តាម​រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។

9. លោក​ហាសែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។

10. លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​វិញ​ថា ស្ដេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌ករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។

11. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 8