គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 8:19-29 Khmer Standard Version (KHSV)

19. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ព្រះ‌អង្គ​បាន​សន្យា​នឹង​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

20. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

21. ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

22. តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរ។

23. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

24. លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

25. នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា

26. ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

27. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ‌វង្ស​ព្រះ‌បាទ​អហាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់។

28. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះ‌បាទ​យ៉ូរ៉ាម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​ឲ្យ​របួស។

29. ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យេសរាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 8