គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 8:1-6 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា​ដែល​នាង​អាច​នៅ​បាន ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ»។

2. ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

3. លុះ​គ្រប់​ប្រាំ‌ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​នាង​វិញ។

4. ពេល​នោះ ស្ដេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។

5. នៅ​ពេល​កេហា‌ស៊ី​រៀប​រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។

6. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ទូល​ស្ដេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្ដេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 8