គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 6:4-13 Khmer Standard Version (KHSV)

4. លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។

5. ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។

6. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​សួរ​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។

7. លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​មក!»។ បុរស​នោះ​លូក​ដៃ​ទៅ​ចាប់​ផ្លែ​ពូថៅ​ស្រង់​ឡើង។

8. ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។

9. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។

10. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន។

11. ស្ដេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល?»។

12. មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។

13. ស្ដេច​ស្រុក​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូថាន់»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 6