គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 6:26-32 Khmer Standard Version (KHSV)

26. ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

27. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយជូរ ក៏​គ្មាន​ដែរ»។

28. ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។

29. យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។

30. កាល​ស្ដេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ភូសា។ ពេល​នោះ ស្ដេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ព្រះ‌រាជា​ស្លៀក​បាវ។

31. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ ប្រសិន​បើ​យើង​មិន​កាត់​ក​អេលីសេ ជា​កូន​របស់​លោក​សាផាត​ទេ​នោះ​សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។

32. ពេល​នោះ លោក​អេលីសេ​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ក្នុង​ផ្ទះ​របស់​លោក។ ស្ដេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​លោក​អេលីសេ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​រាជ​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ម្ចាស់​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 6