គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 6:22-33 Khmer Standard Version (KHSV)

22. លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះ‌ករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះ‌ករុណា​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។

23. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

24. លុះ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

25. ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ​ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

26. ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

27. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយជូរ ក៏​គ្មាន​ដែរ»។

28. ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។

29. យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។

30. កាល​ស្ដេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ភូសា។ ពេល​នោះ ស្ដេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ព្រះ‌រាជា​ស្លៀក​បាវ។

31. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ ប្រសិន​បើ​យើង​មិន​កាត់​ក​អេលីសេ ជា​កូន​របស់​លោក​សាផាត​ទេ​នោះ​សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។

32. ពេល​នោះ លោក​អេលីសេ​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ក្នុង​ផ្ទះ​របស់​លោក។ ស្ដេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​លោក​អេលីសេ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​រាជ​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ម្ចាស់​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។

33. លោក​អេលីសេ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ រាជ​បម្រើ​ចូល​មក​ដល់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​ឲ្យ​យើង​សង្ឃឹម​អ្វី​លើ​ព្រះ‌អង្គ​ទៀត?»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 6